កំណាព្យនេះមានលំនាំបទពាក្យប្រាំពីរ និពន្ធដោយប៉ារបស់ខ្ញុំក្នុងឆ្នាំ ១៩៩៤ ។
ត្រីកំភ្លាញ
-
កំភ្លាញកំភ្លងពងកំផ្លេស កំភ្លាញបបេះបបិចនុយ
កំភ្លាញឃើញភ្លែតស្ទែតស្ទុះស្ទុយ ខំតម្លើងព្រុយកន្ទុយបក់ ។
-
កំភ្លាញក្នុងបឹងប្រឹងព្រោកប្រាជ្ញ លោលោតបាចសាចហែបហែលហក់
រង្គើកំប្លោកព្រលឹតកក់ ទឹកល្អប្រែល្អក់ទាំងល្ងាចព្រឹក ។
-
ប្រិចចុះប្រិចឡើងប៉ើងទឹកខ្ចាយ សប្បាយក្អាកក្អាយក្អែព្រួសទឹក
ហាក់សម្បូរណ៍ត្រីធំពន្លឹក ច្របល់វរវឹកវិលទឹកបឹង ។
-
ក្រុមអ្នកនេសាទសង្វាតដែរ មកដល់ហូរហែបែរសម្លឹង
រៀបរយប្រដាប់ចាប់យួរញ៉ឹង ស្វះស្វែងប្រែងប្រឹងរុតដួសដង ។
-
ខ្លះកៀរខ្លះកាប់ចាប់នឹងដៃ ខ្លះប្រឌិតច្នៃអួនអញ្ចង
ល្អក់វល់ពុលងាប់កំភ្លាញផង ឆ្លេឆ្លាចូលថ្នងម្ជូរស្លឹកថ្នឹង ។
