អាហារថ្ងៃនេះ


អាហារដែលនឹងលើកយកមកបង្ហាញថ្ងៃនេះគឺ beef stew ។ គ្រឿងដែលត្រូវការមាន៖ សាច់គោ (ឥត​ខ្លាញ់) ១គីឡូ ដំឡូងបារាំង ការ៉ុត ខ្ទឹម​បារាំង និង celery  (ខ្ញុំប្រើប៉េងប៉ោះជំនួស ដោយភ្លេចទិញ celery)  ប្រេងឆា និង ទឹកបី​ពែង ។ អ្វីដែល​សំខាន់ជាង​គេ​នោះ គឺ French’s beef stew seasoning mix ។

វិធីធ្វើ៖ កាត់សាច់គោ និង បន្លែ ជាដុំៗ ។ ដាក់ឆ្នាំងឲ្យក្ដៅ សឹមដាក់សាច់គោចូល លីងឲ្យឡើង​ពណ៌​ត្នោត ។ បន្ទាប់មក​ដាក់​ម៉្សៅ​គ្រឿង​មួយកញ្ចប់ចាក់ចូលក្នុងឆ្នាំង និង ទឹកបីពែង ឬ ច្រើនជាង (តាមការចូលចិត្តខាប់ ឬ រាវ) គ្រប​គំរប​រហូតដល់ពុះ (ត្រូវ​ឧស្សាហ៍​កូរ) ។ ពេលពុះហើយ ត្រូវ​បន្ថយ​ភ្លើង រំងាស់ទុកមួយម៉ោង ឬ រហូតដល់សាច់ផុយ ។ ដំណាក់​កាលចុង​ក្រោយ​ គឺ​ដាក់​បន្លែ​ចូល និង រំងាស់ប្រមាណសាមសិបនាទីទៀត (ត្រូវឧស្សាហ៍កូរដែរ) នោះជាការស្រេច ។

ចំណាំៈ ប្រសិនបើចង់ខាប់ ត្រូវរំងាស់នឹង​ភ្លើងតិចៗក្នុងរយៈពេលយូរបន្តិច ។ ចង់ឆ្ងាញ់​ទាល់​តែ​ញ៉ាំមានគ្នា ។ បើធ្វើហត់​ ហើយ​ញ៉ាំ​ម្នាក់​ឯងដូចខ្ញុំ អត់ង៉នទេ :D

beef stew ដែលខ្ញុំធ្វើ (ភ្លេចទិញនំបុ័ង អញ្ចឹងមានតែដាក់បាយ)
beef stew ដែលខ្ញុំធ្វើ (ភ្លេចទិញនំបុ័ង អញ្ចឹងមានតែដាក់បាយ)

ថ្ងៃនេះ សូមលើកយកម្ហូបពីម្ដុំអាមេរិកឡាទីន យកមកចែកចាយដល់ភូមិ wordpress ក្រែង​បងប្អូន​យើងណាចង់សាកល្បង​ធ្វើញ៉ាំ​ដោយ​ខ្លួនឯង ។ ម្ហូបម៉ិចស៊ីកូមានច្រើនប្រភេទណាស់ តែខ្ញុំសូម​ណែនាំ​ម្ហូបដែលឆ្ងាញ់ៗ ហើយក៏ជាទីពេញចិត្តរបស់ខ្ញុំជាងគេនោះ​មាន Taco, Burito, Nacho supreme និង Nacho dip ។ ម្ហូបម៉ិចស៊ីកូ ដែលងាយស្រួលធ្វើជាងគេបង្អស់នោះគឺ Taco ។

គ្រឿងផ្សំរបស់វាមាន៖ ម្ស៉ៅគ្រឿង Taco (Taco seasoning), សំបក Taco (Taco shells), Sour Cream, Cheese, ប៉េងប៉ោះ, សាលាដ, ខ្ទឹមបារាំង, សាច់គោចិញ្ច្រាំ ។ រូបខាងក្រោមនេះ ជាគ្រឿង​ផ្សំ​សម្រាប់ធ្វើ Taco តែអត់មានរូប Sour Cream  និង  Cheese ទេ (ព្រោះគីឡូខ្ញុំមិនព្រមស្រក ទើបត្រូវ​តមអត់ញ៉ាំវា :D ) ។

គ្រឿងផ្សំធ្វើ Taco

គ្រឿងផ្សំធ្វើ Taco

វិធីធ្វើ៖ ខ្ទឹមបារាំង និង ប៉េងប៉ោះ (ខ្វះយកគ្រាប់ចេញ) ត្រូវលាងទឹកអោយស្អាត ទើបហាន់វាអោយ​ល្អិតៗ​ ដាក់ដោយឡែកពីគ្នា ។ សាលាដក៏ត្រូវលាងទឹកអោយស្អាត ដាក់អោយស្រុះទឹកអស់ ទើបហាន់វាជាសរសៃៗ ។ សម្រាប់អ្នកចូលចិត្តញ៉ាំ Cheese អាច​យកវា​មកឈូសជា​សរសៃរ​ដែរ ។

ដំបូងត្រូវដាក់ខ្ទះអោយក្ដៅ ចាក់ប្រេងចូលបន្ដិច ទើបដាក់ខ្ឌឹមបារាំងចូល ឆាអោយស្រពាប់សឹមដាក់​សាច់គោចិញ្ច្រាំចូលឆា​ជាមួយ​រហូតដល់ឆ្អិនសាច់ល្អ ចាក់គ្រឿងម្ស៉ៅ Taco ចួល ហើយច្របល់​អោយ​សព្វ ។ បើឃើញគ្រឿងចូល​គ្នាអស់ហើយ នោះអាចពន្លត់​ភ្លើង​ចង្រ្កានបាន ។ សំបក Taco ជាធម្មវាគឺវាស្រួយ ដូច្នេះមិនចាំបាច់អាំងវាទៀត​ទេ ។ បើអ្នកចូលចិត្ត Sour Cream អាចយក​វាមក​​លាប​តិចៗ​លើផ្នែកខាងក្នុង​សំបក Taco ក្រោយមកដាក់សាច់គោដែលឆាឆ្អិនចូល (តិច ឬ ច្រើនតាមចំណូល) ដាក់សាលាដ​ដែល​ហាន់​ជាសរសៃរៗចូល ដាក់ប៉េងប៉ោះ​ដែល​ហាន់​តូចៗ​ចូល និង រ៉ោយពីលើសរសៃរ Cheese  ដែលឈូសទុកពីលើ នោះជាការស្រេច ។

ចំណាំ៖ ម៉្សៅ Taco មួយកញ្ចប់អាចដាក់សាច់គោបាន  500g  ។  ប្រសិនបើមិនចូលចិត្តប្រៃទេ អាច​បន្ថយគ្រឿង តាមចំណង់​ចំណូល​ចិត្ត ។ ប្រសិនបើមិនអាចរកសំបក Taco នោះទេ អាចប្រើ Tortilla Chips ឬ Nacho Chips ជំនួសក៏បាន ។ ម៉្យាងវិញទៀត អ្នកអាច​ប្រើ​សំបកខ្ចប់ Burito ជំនួស​សំបក Taco ក៏បាន​ដែរ ព្រោះសំបក Burito ទន់ជាង​សំបក Taco ។

ខាងក្រោមជាសមិទ្ធផលសម្រេច ។

ចង់ញ៉ាំទេ?

ចង់ញ៉ាំទេ?

នេះជាសម្លការីបែបងាយបំផុត គឺតែប្រមាណ ១៥នាទី ប៉ុណ្ណោះបានញ៉ាំហើយ ។ គ្រឿងផ្សំរបស់វា​មានតែ គ្រឿងការី សាច់មាន់ ដំឡូងបារាំង និង ល្ពៅ ។ គ្រឿងការីដែលខ្ញុំប្រើនេះ ជាគ្រឿងការីដាក់​ក្នុងប្រអប់ស្រេច (អាចប្រើគ្រឿងបុក ឬ កិនតាមចំណូល​ចិត្តក៏​បាន) គ្រាន់តែ​បើក​វា​ចាក់ក្នុងឆ្នាំង ដាក់​លើ​ចង្រ្កាន ៣ នាទី បន្ទាប់មកដាក់សាច់ និង បន្លែ រម្ងាស់វា ១០ នាទី ថែមទៀត នោះ​ជាការ​ស្រេច ។

IMG_1111

យប់នេះពេលកំពុងតែអង្គុយធ្វើការបណ្តើរក៏នឹកឃើញចង់ញ៉ាំបាយឆា អញ្ចឹងក៏ងើបទៅបើកទូរទឹក​កកថាមានអ្វីខ្លះ អាចដាក់ឆា​ជាមួយ​​បាយ​បាន ។ ក្នុងទូរទឹកកក​មានបន្លែខ្លះ និង មានសាច់​មាន់ដែរ តែសាច់នោះនៅ​កក រឹងជាដុំទឹកកក​នៅឡើយ ។ ដោយ​ខ្ជិល​អង្គុយ​ចាំ​ដុំសាច់​មានរលាយ​ទឹកកកអស់ អញ្ចឹងមានតែឆាបាយ​បន្លែតែម្តងទៅ ។ នេះជាបាយឆាដែលខ្ញុំ​ទើបតែច្នៃតាម​​បែប​ផ្សេង​ទៀត ដែលខ្ញុំ​​មិនដែលឆា​ពីមុនមក ។ បាយឆាបន្លែនេះមាន បាយ ស៊ុតមាន់ ស្ពៃក្ដោប សណ្ដែកបារាំង ការ៉ុត ពោត ផ្លែប៉ោម និង ទឹក​ប៉េងប៉ោះ។

បាយឆាបន្លែ

បាយឆាបន្លែ

 

ថ្ងៃនេះជាថ្ងៃចូលឆ្នាំថ្មី តែខ្ញុំនៅទីនេះតែម្នាក់ឯង ។  ស្តាយដែលមិនអាចទៅផ្ទះ​ជួបជុំក្រុមគ្រួសារ (ហើយក៏មិនមាន​ម្ហូបឆ្ងាញ់ៗ​ញ៉ាំដែរ ហេហេហេ) ។  នឹកចង់ញ៉ាំសម្លរការី ប្រហុកគ្រឿងដែលម៉ែ និង ម៉ាក់ធ្លាប់ស្លរ តែអត់ចេះធ្វើ អីចឹងហើយបានត្រឹមតែអង្គុយនឹកឃ្លាន​ម្ហូបនេះ ម្ហូបនោះ ។  នេះហើយជា​លទ្ធផលដែលមិនចេះចង់រៀនធ្វើអីកាលដែលនៅជុំគ្នាជាមួយម្តាយ ដល់តែបែកឆ្ងាយទើប​ដឹង​ខ្លួន ។  តែមិន​អីទេ ខ្ញុំចេះធ្វើអាហារបែបងាយៗ (កុំតែអោយមានបុកគ្រឿង គឺងាយ​សម្រាប់​ខ្ញុំ) ដែរតើ ។

កាលពីម្សិលលឺបងម៉ននិយាយពីចៃយ៉រ (អត់ដឹងសរសេរត្រូវ ឬ អត់ទេ) គួង នំបញ្ចុក គុយទាវ​ឆា ក៏នឹកឃ្លានចៃយ៉រ  អីចឹងហើយ​ក៏ទៅទិញត្រាវ និង សាច់​ជ្រូក​ចិញ្ច្រាំយកមកធ្វើ ។  តាមពិតទៅ​វាជា​លើក​ទីពីរហើយដែលខ្ញុំធ្វើចៃយ៉រនេះដោយខ្លួនឯង តែខ្ញុំនៅតែ​មិន​អាច​ធ្វើវាល្អ​​សោះ ។  កាលពី​លើកមុនខ្ញុំមូរវាតូចៗពេក ដល់លើកនេះ​មូរវាធំៗ ហើយក្រាស់ៗ​ពេក ។  មិនដឹងជា​សតវត្សណា​​ទើប​អាច​​ធ្វើចៃយ៉រអោយ​ល្អនឹងគេ​ទេ ។   អ្វីដែលខ្ញុំរៀនពី​លើកនេះគឺ កុំមូរធំពេក កុំមូរក្រាស់​​ពេក និង កុំ​ដាក់​​ភ្លើង​ខ្លាំងពេក ព្រោះវា​ក្រហម​ខាងក្រៅ ហើយខាង​ក្នុងឆៅ ។  ខាងក្រោម​ជា​​ចៃយ៉រ​ដែលខ្ញុំធ្វើ ។

ហាន់ត្រាវជាសរសៃល្អិតៗ លាយជាមួយសាច់ជ្រូកចិញ្ច្រាំ និង សំបកសម្រាប់ខ្ចប់

ហាន់ត្រាវជាសរសៃល្អិតៗ លាយជាមួយសាច់ជ្រូកចិញ្ច្រាំ និង សំបកសម្រាប់ខ្ចប់

សមិទ្ធិផលសម្រេច គឺចៃយ៉រខ្លោច (ហេហេហេ ជ្រុលភ្លើង)

សមិទ្ធិផលសម្រេច គឺចៃយ៉រខ្លោច តែនៅអាចញ៉ាំបានដែរតើ (ហេហេហេ ជ្រុលភ្លើង)

ពេលនេះគឺម៉ោង ១១:៣៩ យប់ តែខ្ញុំទើបតែធ្វើម្ហូបញ៉ាំ ព្រោះថ្ងៃនេះចរាចរមហាសែនយ៉ាប់ ។ គិតៗទៅពីសាលាមក​ផ្ទះត្រូវជិះឡានក្រុង​​​ដល់តែបី​ម៉ោងឯណោះ (បើជិះតាក់​ស៊ីវិញ​​ច្បាស់ជាក្រហើយថ្ងៃនេះ) បន្ទាប់មកក៏ឆ្លៀត​ទៅរក​ទិញសៀវភៅ​ខ្លះ តែទិញ​មិនបាន ។ ពេលមកដល់​ផ្ទះវិញ អស់កំលាំង​មិនចង់ធ្វើអីទេ ។ ថ្ងៃសៅរ៍​របស់ខ្ញុំ គឺអីចឹង​រាល់ពេល ។ ធុញ… តែពេល​នេះឃ្លាន ក៏បើក​ទូរទឹកកក ឃើញមាន​បន្លែខ្លះ ក៏យកមកធ្វើ ស្រាប់តែងាក​មើលនាឡិកា លោកអើយ ជិតពាក់កណ្តាល​​​អាធាត្រស្រេច ។ ស្មើនេះ ប្រហែលអ្នក​​ខ្លះ​គេគេងយល់សប្ត​​ម្តងពីរផងមិនដឹង ។ ហិះ មិនខ្វល់ទេ ម៉ោងប៉ុន្មាន​​ក៏ម៉ោងទៅ ធ្វើម៉េចបើ​ឃ្លាន​ទៅហើយ ។ ស៊ុបនេះមាន​បន្លែដូច​ជា ផ្សិតខ្មៅ ប៉េងប៉ោះ ស្ពៃ និង ស៊ុតមាន់ ។

ហេហេហេ មិននិយាយលេងសើចអីទេ ហេតុតែឃ្លានពេកបែ ជាចាក់ប្រេងខ្យងចូលស៊ុប ព្រោះច្រឡំស្មាន តែដបទឹកស៊ីអីវ :D

img_0936

អាហារសំរាប់ថ្ងៃនេះ គឺការីជប៉ុន ។ គ្រឿងផ្សំរបស់វាមានៈ ដំឡូងបារាំង ខ្ទឹមបារាំង ផ្លែប៉ោម (តាមពិតត្រូវដាក់ការ៉ុត តែខ្ញុំរក​ទិញមិនបាន) សាច់មាន់ (បើដាក់​សាច់គោឆ្ងាញ់​ជាង) និង គ្រឿងការី​ជប៉ុន ។ ពីមុនធ្លាប់ចំអិនម្តងដែរ តែដាក់សាច់គោ ដូច្នេះ​លើកនេះក៏​សាកដាក់សាច់មាន់ម្តង ។

វិធីធ្វើ៖ បកសំបកដំឡូងបារាំង ខ្ទឹមបារាំង ការ៉ុត (បើដាក់ផ្លែប៉ោម មិនបាច់បក​​សំបកចេញទេ) លាងទឹក ហើយកាត់​ដុំៗ ។ សាច់មាន់ ឬ សាច់គោ លាងទឹក ហើយកាត់ដុំៗដែរ ។ មុនដំបូងត្រូវ​ស្ងោរដំឡូង​បារាំងនឹងការ៉ុតជាមុន ។ ប្រសិនបើ​ដាក់ផ្លែ​ប៉ោម កុំទាន់​ដាក់​ស្ងោរ​ជាមួយ​ដំឡូង ត្រូវចាំដាក់ចុងក្រោយ) ។ សោ្ងរដំឡូង នឹង ការ៉ុតរហូត​ដល់ផុយល្មម សឹមដាក់​សាច់មាន់ ហើយ​រង់ចាំមួយ​ពុះទៀត ទើបប៉េះគ្រឿងការី​ជប៉ុនដាក់ ហើយកូរវារហូត​ដល់វាខាប់ៗ សឹមដាក់ផ្លែប៉ោម​ជាការស្រេច ។

គ្រឿងការីដែលខ្ញុំប្រើនេះក្នុងមួយប្រអប់មាន ៨ ដុំតូចៗ ។ ពេលខ្ញុំចំអិនវា ខ្ញុំដាក់តែបួន​ដុំតូចៗប៉ុណ្ណោះ គឺអាចស្លរ​បានមួយឆ្នាំង (ឆ្នាំងទឹកមួយ​លីត្រ) ។ ប្រសិនបើចង់ដឹង​របៀបបន្ថែម ឬ បន្ថយគ្រឿង អ្នកអាច​មើលវិធីរបស់វានៅ​ខាងក្រោយប្រអប់បាន (តែមាន​តែអក្សរ​ជប៉ុនប៉ុណ្ណោះ ហេហេហេហេ) ។

ការីជប៉ុនដែលខ្ញុំបានចំអិន

ការីជប៉ុនដែលខ្ញុំបានចំអិន

គ្រឿងផ្សំដែលសំខាន់ជាងគេ

គ្រឿងផ្សំដែលសំខាន់ជាងគេ

ថ្ងៃនេះ ខ្ញុំសូមណែនាំមុខម្ហូបមួយមុខ ដែលស្រួលធ្វើបំផុត ព្រោះវាមានក្នុងកញ្ចប់ស្រាប់ ដោយគ្រាន់តែយកមកថែមគ្រឿង​បន្តិចបន្តួច តាមរស់ជាតិដែលយើងចូលចិត្ត ។ Yellowfin tuna in tomato sauce with black olive យើងអាចយកមក​កំដៅ ហើយញ៉ាំជាមួយបាយក៏បាន ឬយើងអាចស្ងោរ spaghetti ហើយយកទឹកនេះ ទៅស្រោចពី​លើក៏បាន ។ Spaghetti sauce មានច្រើនរសជាតិ ដូចជា garlic, mushroom and so on.. ប៉ុន្តែបើយើងសាកប្តូរ​ជាមួយ yellowfin tuna sauce នេះក៏មានរសជាតិម៉្យាងពីសាច់គោផងដែរ ។

Yellowfin tuna in tomato sauce with black olive

Yellowfin tuna in tomato sauce with black olive

នេះជាអាហារថ្ងៃត្រង់របស់ខ្ញុំសំរាប់ថ្ងៃនេះ ដែលយប់ម៉ិញចំណាយពេលដល់ម៉ោងមួយយប់ ដើម្បីធ្វើវា ។ ដូច្នេះ ថ្ងៃនេះខ្ញុំធ្វើបាតុកម្មអត់ញ៉ាំបាយទេ តែញ៉ាំ chicken potato salad and sandwich with sandwich spread ។ បើសិនជាម៉ាក់ខ្ញុំដឹងថាខ្ញុំញ៉ាំអីចឹង គាត់ច្បាស់ជាថា “ កូនអើយកូន បើញ៉ាំតែរបៀបនេះ តើថ្ងៃណាទើបស្គម?”

chicken potato salad with sandwich

chicken potato salad with sandwich